ដោយសង្កេតឃើញថា
សន្ទុះនៃកំណើនភាពជាម្ចាស់អាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការកើតឡើង នៅក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ។
បញ្ហា កង្វះទុន គឺជាឧបសគ្គចម្បងក្នុងការដឹកនាំអាជីវកម្មឲ្យមានដំណើរទៅមុខបានលឿនឆាប់រហ័ស។ អាជីវកម្មដែលបង្កើតឡើងតាមរយៈការចូលរួមហ៊ុនគ្នាច្រើន
ដែលមានប្រភពទុនមកពីម្ចាស់លុយជាច្រើនផ្សេងៗគ្នា ក៏អាចជាដំណោះស្រាយមួយចំពោះបញ្ហាកង្វះទុនខាងលើ។
ប៉ុន្តែ ភាពមិនទុកគ្នា រវាងម្ចាស់លុយ និងម្ចាស់លុយទាំងអស់នោះ ព្រមទាំងភាពមិនទុកទៅលើអ្នកគ្រប់គ្រងផងដែរ គឺជាឧបសគ្គរារាំងដល់ការបង្កើតអាជីវកម្មហ៊ុនគ្នាខាងលើនេះ។
បញ្ហាធំមួយទៀត គឺក្រុមហ៊ុនទាំងនោះមិនមានប្រព័ន្ធគ្រប់គ្រងខាងក្នុងជា លក្ខណៈស្តង់ដារនៅឡើយ ដែលបង្ករឲ្យដំណើររបស់អាជីវកម្មមិនបានល្អ
និងមានការលួចគៃបន្លំសាច់ប្រាក់របស់ម្ចាស់ហ៊ុនជាដើម
ដែលជាកត្តាដឹកនាំឲ្យក្រុមហ៊ុនចុះខ្សោយ និងងាយដួលរលំ(ក្ស័យទុន)។
សៀវភៅមួយក្បាល នឹងអាចជួយដោះស្រាយបញ្ហាប្រឈមខាងលើនេះបាន។
សៀវភៅនេះបានដកស្រងចេញពីច្បាប់ដើមទាំងស្រុង របស់ ICGNដែលបង្កើតជាគោលការណ៍អភិបាលកិច្ចពិភពលោក
(GGP) ដើម្បីយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើតស្ថាប័នឯករាជ្យមួយ
ដែលគេហៅថា ”ក្រុមប្រឹក្សាភិបាល”។
”ក្រុមប្រឹក្សាភិបាល” ជាស្ថាប័នឯករាជ្យមួយនៅក្នុងក្រុមហ៊ុន
ដែលជួយវាយតម្លៃការងារប្រតិបត្តិរបស់អគ្គនាយកប្រតិបត្តិ (CEO) និងជាអ្នកណែនាំតម្រង់ទិសដៅត្រឹមត្រូវសម្រាប់អង្គភាពទាំងមូល ដោយ ប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់ នៃក្រមសីលធម៌អាជីវកម្ម និងធានាថាចក្ខុ វិស័យ បេសកកម្ម និងគោលដៅរបស់ក្រុមហ៊ុនគឺមានភាពត្រឹមត្រូវ និងចង្អុលបង្ហាញពីគុណតម្លៃរបស់វាឲ្យគេបានឃើញនិងយល់ច្បាស់។
គោលការណ៍អភិបាលកិច្ចពិភពលោក (GGP) រួមមានប្រាំបីគោលការណ៍ធំៗដែលអាចជួយពង្រឹងប្រព័ន្ធអភិបាលកិច្ចរបស់គ្រប់ស្ថាប័ន៖
១. តួនាទីនិងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល
២. ភាពជាអ្នកដឹកនាំ និងឯករាជ្យភាព
៣. សមាសភាព និងការតែងតាំងតួនាទីអគ្គនាយក-នាយក
៤. វប្បធម៌សាជីវកម្ម
៥. ការត្រួតពិនិត្យហានិភ័យ
៦. ប្រាក់លើកទឹកចិត្ត និងបៀវត្តន៍(Remuneration)
៧. របាយការណ៍សាជីវកម្ម និងសវនកម្ម
៨. សិទ្ធិរបស់ម្ចាស់ភាគហ៊ុន
គោលការណ៍ទាំងអស់នេះនឹងត្រូវគេណែនាំឲ្យអនុវត្តន៍តាមលំដាប់លំដោយនៅក្នុងសៀវភៅនេះ។
ដោយ៖ លោក សយ តារាទីតូ, ACCA UK