យុទ្ធសាស្ដ្រហិរញ្ញវត្ថុ និងសេរីភាពអាជីវកម្ម

20-11-2024

សេចក្តីផ្តើម និងគោលដៅសៀវភៅ


បើនិយាយដល់សេរីភាពអាជីវកម្ម គេនឹកឃើញដល់សេរីភាពហិរញ្ញវត្ថុ អញ្ចឹងម្នាក់ៗនាំគ្នារិះរកមធ្យោបាយដើម្បីទទួលបាននូវសេរីភាពហិរញ្ញវត្ថុ។ ខណៈពេលដែលពួកគាត់ចង់បានសេរីភាពហិរញ្ញវត្ថុ គាត់នឹកឃើញដល់ការបង្កើតឲ្យមានក្រុមហ៊ុន ដែលនិយាយឲ្យងាយស្រួលយល់គឺ គាត់ចង់រកស៊ីដោយ បង្កើតជាមុខរបរមួយដោយខ្លួនឯង ដើម្បីឲ្យមានចំណូលឯករាជ្យ អ្នកខ្លះក៏គាត់សម្រេចចិត្តឈប់ពីការងារ ហើយទៅបង្កើតក្រុមហ៊ុនមួយ ឬក៏របររកស៊ីមួយដោយខ្លួនឯង ដោយមានក្ដីស្រមៃថានឹងមានសេរីភាពហិរញ្ញវត្ថុនាពេលខាងមុខ។ តែផ្ទុយទៅវិញ នៅពេលដែលគាត់ចាប់ផ្តើមអាជីវកម្ម វាមិនដូចអ្វីដែលពួកគាត់ស្រមៃនោះទេ វាមិនទទួលបានសេរីភាពអ្វីសោះឡើយ តែយើងត្រូវនៅជាប់ខ្នោះឃ្នាង ជាមួយនឹងការធ្វើអាជីវកម្មដោយមិនមានពេលសម្រាកឡើយ ហត់នឿយលាយលំមកជាមួយនូវភាពឈឺចាប់។ បើអញ្ចឹងធ្វើយ៉ាងដូចម៉េ្តចទៅដើម្បីមានសេរីភាពពិតប្រាកដ?

          ខ្ញុំធ្លាប់ជាបុគ្គលិករបស់ក្រុមហ៊ុនធំៗរបស់ថៅកែបរទេសអស់ជាងដប់ប្រាំពីរ(១៧)ឆ្នាំមកហើយ។ លោកថៅកែបរទេស មិនសូវជា មកមើលក្រុមហ៊ុននៅកម្ពុជារៀងរាល់ថ្ងៃនោះទេ ថៅកែបរទេសគាត់មកមើលក្រុមហ៊ុនគាត់ យ៉ាងយូរបំផុតបីខែម្ដង។ រៀងរាល់បីខែម្ដងទើបបានគាត់មកម្តង នេះទើបគេហៅថាមានសេរីភាពអាជីវកម្មពិតប្រាកដ។ មានសេរីភាពអាជីវកម្មបានន័យថាអាជីវកម្មរបស់គាត់ មិនចាំបាច់មានគាត់មកមើលរៀងរាល់ថ្ងៃទេ។ រៀងរាល់មួយត្រីមាសម្ដងគាត់គ្រាន់តែមកទស្សនកិច្ចក្រុមហ៊ុនរបស់គាត់នៅប្រទេសកម្ពុជាប៉ុណ្ណោះ។ បើម្ចាស់អាជីវកម្មយើងនៅប្រទេសកម្ពុជា តែហ៊ានតែដើរចោលកន្លែងមួយម៉ោងឬក៏ពីរម៉ោង មកវិញពិតជា ច្របូកច្របល់មិនខានឡើយ គឺកិច្ចការច្របូកច្របល់ ពេលខ្លះអាចបាត់លុយបាត់កាក់ទៀតផងក៏មាន...

          សំណួរសួរថាតើគាត់គ្រប់គ្រងយ៉ាងដូចម្ដេច? តើធ្វើយ៉ាងម៉េចដើម្បីទទួលបាននូវសេរីភាពអាជីវកម្មនេះពិតប្រាកដ? តើថៅកែបរទេស គេមានប្រព័ន្ធអ្វីទៅសម្រាប់តាមដានការងាររបស់ក្រុមហ៊ុនរបស់ពួកគាត់បាន?

អស់រយៈពេលជាងដប់ប្រាំពីរ(១៧)ឆ្នាំមកនេះ ខ្ញុំបានដឹងពីអាថ៌កំបាំងទាំងអស់នេះ ថាតើពួកគាត់ទទួលបានសេរីភាពពីអាជីវកម្មរបស់គាត់យ៉ាងដូចម្តេច? ខ្ញុំបានសម្រេចចិត្តសរសេរជាសៀវភៅនេះឡើង ដើម្បីទុកជូនជាចំណេះដឹង និងជាការចែករំលែកបទពិសោធ របស់ខ្ញុំ ដែលបានសិក្សាអំពីក្រុមហ៊ុនអន្តរជាតិ ដែលមានចៅកែបរទេសទាំងអស់នោះ ចែកជូនបងប្អូនដើម្បីមានជាគំនិត ជាក្បួន យកទៅកែច្នៃអាជីវកម្មរបស់ខ្លួនឯងឲ្យមានសេរីភាព ដូចជាក្រុមហ៊ុនអន្តរជាតិដែលមករកស៊ីវិនិយោគទុននៅកម្ពុជាអញ្ចឹងដែរ។

ដោយក្ដីសង្ឃឹម សៀវភៅនេះ នឹងជួយបងប្អូនឱ្យសម្រេចក្ដីស្រមៃរបស់ខ្លួនឯង ដើម្បីទទួលបាននូវសេរីភាពអាជីវកម្មពិតប្រាកដ មិនមែនមកជាប់ខ្នោះឃ្នាង ដូចពេលបច្ចុប្បន្ននៅពេលប្រឡូកក្នុងអាជីវកម្មរបស់ខ្លួនឯងផ្ទាល់។


អត្ថបទដោយ៖

លោកគ្រូទីតូ

ឯកទេសយុទ្ធសាស្ត្រធុរកិច្ចអាជីព

Certified ACCA UK